Join us on this learning, growth, and discovery journey

  • #13, St. 1966, Sangkat Phnom Penh Thmei, Khan Saensokh, Phnom Penh

Get In Touch

Blog Details

  • Home
  • My Little Pumpkin
  • ហេតុអ្វីកុមារពិសេសគួរចូលរៀននៅសាលាអប់រំពិសេស?

ហេតុអ្វីកុមារពិសេសគួរចូលរៀននៅសាលាអប់រំពិសេស?

លក្ខណៈសម្បត្តិរបស់កុមារអប់រំពិសេស

ដំបូងយើងត្រូវកំណត់អំពីលក្ខខណ្ឌពិសេសរបស់កុមារជាមុនសិនថា តើគាត់មានតម្រូវការអ្វីខ្លះនៅក្នុង ដំណើរការលូតលាស់ និងការរៀនសូត្រ​របស់គាត់? ជាទូទៅ យើងតែងសង្កេតឃើញថា កុមារអប់រំពិសេសមានលក្ខណៈសម្បត្តិមួយចំនួនដូចជា ឆេវឆាវ មិនទាន់អាចនិយាយ ឬប្រាស្រ័យទាក់ទងជាភាសានិយាយបាន ពុំសូវមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ពុំទាន់មានបំណិនជីវិតក្នុងការរស់នៅ ឬមានចំណង់អាហារបែបផ្សេងជាដើម ហើយយើងពុំទាន់និយាយដល់លក្ខខណ្ឌសុខភាព ភាពឆ្លាតវៃ ការផ្ចង់អារម្មណ៍ និងចំណុចផ្សេងៗទៀតឡើយ។​ ផ្អែកលើលក្ខខណ្ឌទាំងនេះ យើងអាចសួរសំណួរវិញថា តើកុមារអាចទទួលបានការអប់រំបែបនេះនៅទីណាក្រៅពីសាលាអប់រំពិសេស? យើងអាចយល់បានថា កុមារមានតម្រូវការពិសេសទាមទារការយកចិត្តទុកដាក់​ខ្លាំង ការអត់ធ្មត់ខ្ពស់ ជំនាញអប់រំពិសេសមួយដាច់ដោយឡែកផ្សេងទៀតស្របតាមតម្រូវការរបស់កុមារម្នាក់ៗ​ ការសហការរវាងគ្រប់ភាគីពាក់ព័ន្ធ។

មូលហេតុមួយចំនួនដែលធ្វើឱ្យអប់រំពិសេសខុសប្លែកពីអប់រំទូទៅ

  • មានផែនការអប់រំផ្ទាល់ខ្លួន (IEP) ដែលតម្រូវតាមតម្រូវការ ចំណុចខ្លាំង និងគោលដៅតែមួយគត់របស់កុមារម្នាក់ៗ។
  • ​មានបុគ្គលិកលោកគ្រូ អ្នកគ្រូ​ជំនាញ​ដែលទទួល​បាន​ការបណ្តុះ​បណ្តាលច្បាស់លាស់លើជំនាញអប់រំពិសេស ព្រមទាំងយល់អំពីលក្ខណៈសម្បត្តិរបស់កុមារតាមរោគវិនិច្ឆ័យ (Diagnosis)។ បុគ្គលិកជំនាញទាំងនេះប្រើវិធីសាស្ត្របង្រៀនផ្សេងៗគ្នាប្រកបដោយប្រសិទ្ធភាពស្របតាមចំណង់ចំណូលចិត្តរបស់កុមារ និងផ្អែកលើភ័ស្តុតាង តម្រូវការ និងផែនការសិក្សាផ្ទាល់ខ្លួន (IEP)។
  • មានបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព ផ្ដល់ការគាំទ្រដល់កុមារជាពិសេសការស្វែងយល់ ការយកចិត្តទុកដាក់ ការផ្ដល់ភាពកក់ក្ដៅដែលធ្វើឱ្យកុមារពិសេសមានអារម្មណ៍ថាគាត់មានសុវត្ថិភាព មានអ្នកយល់ចិត្ត។
  •  ហ្វឹកហាត់កុមារក្នុងការគ្រប់គ្រងអារម្មណ៍ ឱ្យកុមារមានការអត់ធ្មត់ អាចផ្ចង់អារម្មណ៍លើកិច្ចការរបស់គាត់។
  • បង្ហាត់បង្រៀនអំពីបំណិនជីវិតដើម្បីកសាងឯករាជ្យភាពក្នុងការរស់នៅដូចជា ការប្រើប្រាស់បន្ទប់ទឹក ការស្លៀកពាក់ អនាម័យរាងកាយ ការញ៉ាំអាហារជាដើម។
  • ទទួលបានការគាំទ្រផ្សេងទៀតដូចជាការព្យាបាលដោយវាចារ អាកប្បកិរិយា ការសហការជាមួយក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

កម្មវិធីសិក្សារបស់សាលាអប់រំពិសេសម៉ាយលីតថលផាមឃីន

ដូចបានរៀបរាប់ខាងលើ ការអប់រំពិសេសមានលក្ខណៈពិសេសក្នុងការបង្ហាត់បង្រៀនសិស្ស។ នៅសាលាអប់ពិសេសម៉ាយលីតថលផាមឃីន ការចុះឈ្មោះចូលរៀន និងការបង្រៀនត្រូវធ្វើឡើងតាមដំណាក់កាល និងតាមបែបផែនច្បាស់លាស់ ហើយមានចំណុចសំខាន់ៗមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម៖

  • ការធ្វើតេស្តចូលរៀនដើម្បីអាចដឹងអំពីលក្ខណៈសម្បត្តិ និងតម្រូវការរបស់សិស្ស។ លទ្ធផលនៃការធ្វើតេស្តនេះបានអនុញ្ញាតឱ្យសាលាកំណត់តម្រូវការរបស់សិស្ស ចំណុចខ្លាំង បញ្ហាប្រឈមដែលសិស្សជួបប្រទះបានច្បាស់លាស់ រៀបចំផែនការសិក្សាផ្ទាល់ខ្លួនបានត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់សិស្ស។ តាមរយៈលទ្ធផលនៃការធ្វើតេស្តនេះ សាលាអាចបែងចែក និងកំណត់ថ្នាក់រៀនបានត្រឹមត្រូវដោយសិស្សនៅគ្រប់កម្រិតទាំងអស់មិនស្ថិតនៅក្នុងថ្នាក់រៀនតែមួយឡើយ សិស្សដែលមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នានឹងរៀននៅក្នុងថ្នាក់ជាមួយគ្នា។
  • ការរៀបចំកម្មវិធីសិក្សាផ្ទាល់ខ្លួនសម្រាប់សិស្សម្នាក់ៗរួមបញ្ចូលនូវបំណិនជីវិត (ការគេង ញ៉ាំ ប្រើប្រាស់បន្ទប់ទឹក ស្លៀកពាក់ រៀបចំសម្ភារៈផ្ទាល់ខ្លួន។ល។) សិក្សាធិការ អាកប្បកិរិយា ភាសា ការប្រាស្រ័យទាក់ទង កាយសម្បទា។
  • គ្រូបង្រៀនដែលមានជំនាញ និងបទពិសោធន៍លើផ្នែកអប់រំពិសេស អំណត់អត់ធ្មត់ យកចិត្តទុកដាក់ចំពោះសិស្ស។ បន្ថែមពីនេះ សាលាបានលើកទឹកចិត្ត ផ្គត់ផ្គង់សម្ភារៈឧបទ្ទេស គាំទ្រការបង្កើតសម្ភារៈសិក្សាថ្មីៗតាមគ្រប់រូបភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្ស។
  • ការរៀបចំបរិយាកាសដែលសិស្សមានអារម្មណ៍ថាមានសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់ និងគាំទ្រដល់ការលូតលាស់លើគ្រប់ផ្នែកមិនថាបំណិនជីវិត សិក្សាធិការ អាកប្បកិរិយា ភាសា ការប្រាស្រ័យទាក់ទង កាយសម្បទា។ កាលវិភាគសិក្សាដែលត្រូវបានរៀបចំឡើងបានត្រឹមត្រូវដូចនឹងកាលវិភាគនៅសាលាអប់រំទូទៅនឹងជួយឱ្យសិស្សបន្សាំខ្លួនបានល្អ មានភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មទៅក្នុងសាលាអប់រំទូទៅនៅពេលគាត់វិវឌ្ឍបានល្អប្រសើរ។
  • ការចូលរួមគាំទ្រពីអ្នកជំនាញលើការព្យាបាលភាសា អាកប្បកិរិយា កាយសម្បទា អ្នកជំនាញការលូតលាស់របស់កុមារ មាតាបិតាសិស្ស និងគ្រប់ភាគីពាក់ព័ន្ធដើម្បីគាំទ្រដល់ការលូតលាស់របស់កុមារ។

សេចក្ដីសន្និដ្ឋាន

ផ្អែកលើលក្ខណៈសម្បត្តិខាងលើ យើងអាចសន្និដ្ឋានបានថា កុមារដែលមានតម្រូវការអប់រំពិសេសគួរទទួលបានសេវាអប់រំដែលសមស្របតាមតម្រូវការរបស់គាត់ ទទួលបានការយកចិត្តទុកដាក់ មានឱកាសទទួលបានការអប់រំ ការកម្សាន្តដូចកុមារទូទៅដែរ។ ដូចនេះការជ្រើសរើសសេវាកម្មអប់រំ ជ្រើសរើសសាលាអប់រំពិសេសបានត្រឹមត្រូវនឹងជួយកុមារទទួលបានឱកាសរៀនសូត្រ វិវឌ្ឍប្រសើរឡើងដើម្បីកសាងអនាគតដូចកុមារផ្សេងទៀត និងប្រែក្លាយខ្លួនជាពលរដ្ឋល្អនាថ្ងៃអនាគត។

Leave A Comment

Your email address will not be published. Required fields are marked *